គ្មាន​ការ​តស៊ូ​ ​គ្មាន​ជ័យជំនះ

“ឈ្នះទាំងអស់ដោយងាយស្រួល” គឺជាពាក្យស្លោកដែលនៅលើអាវរបស់ ក្រុមស្វា អលធីមេត។ គេជឿជាក់ថា កាលបើក្រុមពួកគេខំប្រឹងអោយអស់ពីសមត្ថភាព ពួកគេនឹងឈ្នះយ៉ាងងាយស្រួលបំផុត។ ក្រុមស្វាអលធីមេត គឺជាក្រុមកីឡាគប់ឌីសដំបូលគេបង្អស់ ដែលសមាជិកមានទាំងស្រីទាំងប្រុស នៅក្នុងប្រទេសកម្ពុជា។ ក្រុមនេះចាប់ផ្ដើមលេងតាំងពី ឆ្នាំ២០១២ មកម្ល៉េះ ហើយឥឡូវ គេនៅតែបន្ត ហ្វឹកហាត់ជារៀងរាល់ចុងសប្តាហ៍។ ក្រុមស្វា បានចូលរួមការប្រកួតពានរង្វាន់មេគង្គ​លើកទី៨  នៅរាជនីភ្នំពេញ ដែល វាជាការប្រកួតកីឡាមួយ ក្នុងគោលបំណងជួយ

ជំរុញទឹកចិត្តយុវវ័យ ឱ្យចូលរួមលេងកីឡាគប់ឌីសមួយនេះ។ នៅក្នុងកម្មវិធីបានប្រារព្ធឡើងនៅថ្ងៃ ទី ២០ និង២១ ខែ វិច្ជិកា ឆ្នាំ ២០១៨ ដែលមានការចូលរួមពីក្រុមចំនួន ប្រាំបួន មកពី ប្រាំ ប្រទេសផ្សេងៗគ្នាដូចជា ថៃ ឡាវ ហុងកុង វៀតណាម និងកម្ពុជា ។

សមាជិកនៃក្រុមស្វាតែងតែចងចាំថា “ក្នុងអំឡុងពេលនៃការប្រកួតនេះ យើងនឹងខិតខំឱ្យអស់ពីលទ្ធភាព ហើយគោលដៅរបស់យើង គឺដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ ដូចដែលយើងបានធ្វើនៅក្នុងការប្រកួតយកពានរង្វាន់មេគង្គនៅវៀតណាមឆ្នាំមុន។” នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមស្វាបានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខពីរ ហើយឆ្នាំនេះ ពួកគេមានគំរោងដណ្តើមជ័យលេភីលេខមួយ។

ប្រធានក្រុម ស្វា លោកយឿង សុវណ្ណារាជ បានមានប្រសាសន៍ថា​ “ការចូលរួមប្រកួតយកពានរង្វាន់មេគង្គ គឺជាគោលដៅដ៏ធំបំផុតសម្រាប់ក្រុមស្វា។” ពាក្យមួយឃ្លានេះហើយ ជាមូលហេតុដែលលោកតែងតែអាចរក្សាថាមពលក្រុម និងលើកទឹកចិត្តកីឡាករគ្រប់រូប ឱ្យហ្វឹកហាត់យ៉ាងស្វិតស្វាញ ព្រមទាំងផ្តោតអារម្មណ៍ទៅលើការប្រកួត។

សមាជិកម្នាក់របស់ក្រុមស្វា លោក សុផារុត បាននិយាយថា “ហេតុផលដែលក្រុមស្វាឈ្នះពានរង្វាន់ គឺថាយើងបានហ្វឹកហាត់យ៉ាងខ្លាំង។ យើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក។ រឿងមួយទៀត គឺយើងប្រកួតដោយមានទឹកចិត្តក្រុមរបស់យើង និងប្រទេសរបស់យើង។ យើងនៅតែបន្តការហ្វឹកហាត់ ដើម្បីឱ្យមានមនុស្សកាន់តែច្រើនចូលលេងជាមួយយើង និងឈ្នះពានរង្វាន់បន្ថែមទៀត”។

រស្មី ជេមស៍ ដែលជាកីឡាករថ្មីម្នាក់បាននិយាយថា “យើងបានឆ្លងកាត់ការធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីទទួលបានពានរង្វាន់ជើងឯកមេគង្គ ។ នោះហើយ ជាមូលហេតុដែលជំរុញអោយសមាជិកគ្រប់គ្នាព្យាយាមហ្វឹកហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១។ វាជាលើកទីមួយ ហើយដែលយើងបានឈ្នះពានរង្វាន់ប្រចាំតំបន់មេគង្គ។ ដូច្នេះ វាគឺជាជំហានដ៏ល្អ ដើម្បីឱ្យពួកយើងឈ្នះក្រុមដទៃនាថ្ងៃខាងមុខម្តងទៀត”។ គាត់បានលើកទឹកចិត្តដល់យុវជនកម្ពុជាទាំងអស់ ឱ្យចូលរួមក្នុងការលេងកីឡាគប់ឌីស ដោយសារគាត់តែងតែជឿជាក់ថា ក្មេងជំនាន់ក្រោយ គឺជាអនាគតរបស់វិស្ស័យកីឡា ក្នុងប្រទេសកម្ពុជាមួយនេះ។

ដោយ ខុន​ ស្រីពេជ្រ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *