ជីវិតដើម្បីស្វែងយល់អំពីចំណង់ចំណូលចិត្ត

ការស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក និងអ្វីដែលអ្នកចូលចិត្ត គឺមានការលំបាកខ្លាំងណាស់ បើសិនជាអ្នកនៅតែក្នុងថ្នាក់ រៀនតែទ្រឹស្តី ដោយមិនចេញទៅខាងក្រៅដើម្បីអនុវត្តផ្ទាល់។ វិធីដ៏ល្អបំផុតដើម្បីយល់ពីខ្លួនឯង និងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន អ្នកគួរតែចូលរួមឲ្យកាន់តែច្រើនជាមួយសង្គមខាងក្រៅ។

សិស្សានុសិស្ស ចំនួន ៩ នាក់ មកពីសាលាជាភាពអ្នកដឹកនាំឡៃហ្គឺ ត្រូវបានផ្តល់ឱកាសធ្វើកម្មសិក្សានៅខេត្តបាត់ដំបង។ នៅក្នុងកម្មសិក្សាមួយនេះ ពួកគេជំរុញខ្លួនឯងឲ្យឆ្ពោះទៅមុខបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីចំណង់ចំណូលចិត្តរបស់ពួកគេ។ បច្ចុប្បន្ននេះ ពួកគេកំពុងធ្វើការផលិតខ្សែភាពយន្ត ដោយសហការជាមួយនឹងអង្គការហ្វារពន្លឺសិល្បៈ Human Agency និងជាមួយប្រជាពលរដ្ផនៅក្នុងសហគមន៍ក្បែរនោះ។

វេងហួរ ជាសិស្សមកពីសាលាអន្តរជាតិឡៃហ្គឺ ហើយមានតួនាទីជាសហនាយកផលិតកម្ម បានមានចំណាប់អារម្មណ៍ថា “ខ្ញុំមានមានមោទនភាពខ្លាំងណាស់ចំពោះគម្រោងមួយនេះ ខ្ញុំមិនដែលបានផលិតខ្សែភាពយន្តដែលមានស្តង់ដារល្អ បច្ចេកវិទ្យាទំនើប ហើយជាពិសេសនោះគឺ បានធ្វើការជាមួយក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ច្រើននៅក្នុងការផលិតភាពយន្ដ។” ស្របពេលនោះដែរ គំរោងថតភាពយន្តនេះ ក៏អាចអោយ វេង ហួរ យល់បន្ថែមអំពីការងារនៃថ្ងៃអនាគតរបស់ខ្លួន និងចំណង់ចំណូលចិត្តដែលគាត់មាន។ លើសពីនេះទៅទៀត គាត់ក៏បានប្រើជំនាញ និងភាពច្នៃប្រឌិតរបស់គាត់ ដើម្បីជាប្រយោជន៍សម្រាប់គម្រោងនេះផងដែរ។

ខណៈពេលដែលមានភាពសប្បាយរីករាយជាមួយបទពិសោធន៍ដែលទទួលបាន ពួកគេក៏មានបញ្ហាប្រឈមមុខ ដែលត្រូវជំនះ។ នៅពេលធ្វើការលើគម្រោងថ្មីជាមួយក្រុមការងារថ្មី ពេលខ្លះ ពួកគេពិបាកសម្របសម្រួល ជួបបញ្ហាក្នុងការទំនាក់ទំនងគ្នា មិនសូវយល់គំនិតគ្នា ឬក៏ដឹងមិនសូវដឹងច្បាស់ អំពីការងារសមាជិកផ្សេងទៀតឡើយ។ សមាជិកខ្លះ ធ្វើការដោយឯករាជ្យ ដោយមិនបានផ្ដល់ព័ត៌មានច្បាស់លាស់អំពីភារកិច្ច ឬការងារដែលពួកគេកំពុងធ្វើទៅឲ្យក្រុមទាំងមូលបានដឹកឮ ពីភារកិច្ចដែលសមាជិកនីមួយៗកំពុងធ្វើ។ លើសពីនេះទៅទៀត កាលវិភាគបានផ្លាស់ប្តូរជាជាញឹកញាប់ ដែលធ្វើឲ្យពិបាកសំរាប់ក្រុមទាំងមូលក្នុងការបត់បែនតាមការផ្លាស់ប្ដូរទាំងនោះ។

ក្នុងនាមជាសហនាយក វេងហួរ រីករាយក្នុងការធ្វើការជាមួយក្រុមការងារផ្សេងៗក្នុងផលិតកម្ម។ ជាឧទាហរណ៍​ គាត់បានចូលរួមក្នុងការសរសេរប៉ារូល កែសម្រួលកាមេរ៉ា សំណេះសំណាលជាមួយតួអង្គឬជួយដល់ក្រុមការងារផលិតបទភ្លេង។ ការងាររបស់គាត់មិនបានបញ្ចប់ត្រឹមហ្នឹងទេ គាត់បានចំណាយពេលវេលាជាច្រើនទៅលើប្រព័ន្ធអ៊ិនធឺរណិតនៅលើ Pinterest និងInstagram ដើម្បីទទួលបានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់គម្រោង។

ដោយសារកម្មសិក្សាមួយនេះមានទីតាំងនៅខេត្តបាត់ដំបង សិស្សត្រូវសម្របខ្លួនទៅនឹងរបៀបរស់នៅថ្មី ហើយនៅទីនោះពួកគេក៏មានកាលវិភាគប្រចាំថ្ងៃថ្មីដូចខាងក្រោម:

១. ទទួលទានអាហារពេលព្រឹកនៅម៉ោង 7 និង 30 នាទីព្រឹក

២. ទៅដល់អង្គការហ្វារពន្លឺសិល្បៈ នៅម៉ោង 8:10 នាទីព្រឹក

៣. បន្ទាប់មក ចាប់ផ្តើមធ្វើការជាមួយក្រុមការងាររបស់ខ្លួនដូចធម្មតា

៤.​ ទទួលទានអាហារថ្ងៃត្រង់នៅចន្លោះម៉ោង 12 និង 30 នាទីដល់ម៉ោង 1 និង 30 នាទីរសៀល

៥. បន្តធ្វើការរហូតដល់ពេលរសៀលរនៅម៉ោង 6 ល្ងាច

៦. ទទួលទានអាហារពេលល្ងាចនៅម៉ោងប្រហែល 7 និង 30 នាទីរសៀល

៧. ធ្វើការងារផ្ទះដែលទទួលបានមកពីសាលារហូតដល់ម៉ោង 9:30 យប់

៨. ទុកដាក់ និងបិទកុំព្យូទ័រទាំងអស់នៅម៉ោង 9:30 យប់

៩. សម្រាក និងអង្គុយលេងជាមួយមិត្តភក្ដិរហូតដល់ពេលវេលាចូលគេង

ទោះយ៉ាងណាក៏ដោយ ពួកគេមិនមានកម្មសិក្សាទេនៅចុងសប្តាហ៍។ ហេតុដូច្នេះហើយ ពួកគេអាចចំណាយពេលវេលារបស់ពួកគេដើម្បីសម្រាក និងបន្តធ្វើការងាររបស់សាលារៀន។ នៅពេលល្ងាចសិស្សជាធម្មតាចេញទៅញ៉ាំ ឬទៅលេងព្រលានយន្តហោះចាស់នៅឯខេត្តបាត់ដំបង។ សម្រាប់ថ្ងៃចុងសប្តាហ៍ខ្លះទៀត ពួកគេនឹងទៅមើលការសម្ដែងសៀកនៅអង្គការហ្វារពន្លឺសិល្បៈ ដែលចាប់ផ្ដើមពីម៉ោង 7:00 ល្ងាចដល់ម៉ោង 8:00 យប់។

បទពិសោធន៏ដែលទទួលបានពីកម្រោងមួយនេះ មានអត្ថន័យធំធេងខ្លាំងណាស់ចំពោះ អនាគតរបស់ពួកគេ ហើយបទពិសោធន៏ ដែលបានឆ្លងកាត់ទាំងនោះ នឹងស្ថិតនៅជាមួយពួកគេជារៀងរហូត។ គ្រាន់តែធើ្វការបានរយៈពេលពីរបីខែតែប៉ុណ្ណោះ សិស្សនីមួយៗទទួលបានការហ្វឹកហាត់ ហើយបានរៀនអំពីដំណើរការនៃការថតភាពយន្ដ។ មិនត្រឹមតែប៉ុណ្ណោះទេ សិស្សម្នាក់ក៏បានរៀន អំពីរបៀបគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួន និងរបៀបរស់នៅដោយខ្លួនឯង។ បទពិសោធន៏ និងឧបសគ្គដែលពួកគេបានជួបប្រទះកន្លងមក បានអនុញ្ញាតឱ្យពួកគេអាចរកឃើញចំណង់ចំណូលចិត្ត ដែលខ្លួនពេញចិត្ត នឹងបន្តជំរុញខ្លួនឯងឱ្យបន្តដេញតាមក្តីសុបិន្តរបស់ខ្លួន តាមរយៈការចូលរួមទៅលើគម្រោងផ្សេងៗនៅខាងក្រៅ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *