តើនាងគួរបិតបាំង រឺបង្ហាញ?

“លាក់ការឈឺចាប់ ការហែកហួរខ្លួនប្រាណ ការលេចរបស់សុដន់ និងការផ្លាស់ប្ដូរអ័រម៉ូនរ​បស់យើង ។ ខេត ​(Kate) ធ្វើខ្លួនស្រស់ស្អាត និងទាន់សម័យ ហើយកុំបង្ហាញពីសមរភូមិរបស់អ្នក ។ ប្រាំពីរម៉ោងបន្ទាប់ពីការប្រយុទ្ធរបស់អ្នកជាមួយនឹងការស្លាប់រស់ ប្រាំពីរម៉ោងបន្ទាប់ពិីរាងកាយរបស់អ្នកដាច់រហែក ហើយបន្ទាប់ពីកូនរបស់អ្នកកើតចេញមកស្រែកយំ និងប្រឡាក់ទៅដោយឈាម កុំបង្ហាញ កុំ និយាយ ។ ខេត ឈរនៅទីនោះជាមួយកូនស្រីរបស់អ្នក ហើយត្រូវបាន ថតរូបដោយអ្នកថតរូបប្រុសៗ”​ នេះជាអ្វីដែលឃារា ណាយលី (Keira Knightley) សរសេរនៅក្នុងសំណេរមានឈ្មោះថា “ភេទដែលទន់ខ្សោយ​ (The Weaker Sex)” និងរិះគន់ ខេត មីឌដុលថុន (Kate Middleton) ដែលជាព្រះនាងនៃខេមប្រិច​ (Duchess of Cambridge) សម្រាប់ការលាក់បាំងពីការពិតនៅពីក្រោយ ការឆ្លងទន្លេដោយការផាត់មុខ និងពាក់​ស្បែកជើងកែង ។

ខ្ញុំទទួលស្គាល់ និងយល់ពីរាជវង្សកេរ្តិ៍ឈ្មោះរបស់ព្រះនាង ។ យ៉ាងណាក្ដី តើអត្តខាត់ នៃការបង្ហាញនូវភាពឈឺចាប់ ពេលរសម្រាលកូន អាចជម្រុញឲ្យក្មេងស្រី និងម្ដាយដទៃទៀត មានភាពជឿជាក់ដែរឬទេ?

អត់ទេ!

ព្រះនាងខេត កំពុងកំណត់ដាក់នូវ “ស្តង់ដារដែលមិនសមហេតុផល” ពីស្ថានភាពជាក់ស្ដែង នៃម្ដាយនីមួយៗបន្ទាប់ពីផ្ដល់កំណើតដល់កូនរបស់គេ ។ ការបក់ដៃ និងញញឹម ហើយមុខស្រោប ជាមួយនឹងម្សៅក្រែម រួមជាមួយនឹងសក់ពណ៍ត្នោតដែលទើបតែកៀបហើយ មិនមែនជាការដំណាង ពីស្ថានភាពជាក់ស្ដែងនៃម្ដាយនីមួយៗ បន្ទាប់ពីពួកគេទើបតែសម្រាលកូនហើយនោះទេ ។

ភាពល្អ និងស្រស់ស្អាតឥតខ្ចោះ ជាក្រណាត់ស្បៃ ដែលបិតបាំងនូវការប្រយុទ្ធដ៏ឈឺចាប់ ដែល

ស្រ្ដីឆ្លងកាត់ ដើម្បីសម្រាលកូនរបស់គាត់ ។ វាមិនមែនទាក់ទងទៅត្រឹមតែភាពរីករាយបន្ទាប់ពីឆ្លងទន្លេនោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវផ្ដោតទៅលើឧបសគ្គដែលម្ដាយនីមួយៗបានឆ្លងកាត់ដើម្បី

បង្កើតកូន ។

ខ្មែរយើងតែងតែហៅការសម្រាលកូនថា “ការឆ្លងទន្លេ” ។ នៅពេលដែលអ្នកកំពុងតែឈឺពោះសម្រាល កូន វាហាក់បីដូចជាអ្នក កំពុងតែព្យាយាម​ហែលឆ្លតកាត់ទន្លេ ដ៏មហិមាមួយដែលគ្មានកោះត្រើយ​ ។ អ្នកខ្លះអាចឆ្លងកាត់ដោយជោគជ័យ រួចផុតពីការលង់ទឹកស្លាប់ ខណៈពេលដែលអ្នកខ្លះទៀតឆ្លងមិនរួច ។

ការក្អួត កំអួតឈាម​ និងស្មាមដេរ ជាតំណាងអោយសាក្សីពិតប្រាកដ របស់អ្នកដែលធ្លាប់ឆ្លងកាត់ ការឈឺពោះឆ្លងទន្លេ ។ អ្នកស្រី ឃារា៉ (Keira) បានរៀបរាប់លំអិតពីការសម្រាលកូនស្រីរបស់គាត់ថា “ខ្ញុំចាំនូវសមរមភូមិដែលខ្ញុំ ត្រូវតស៊ូយកជំនះ” ។

ប្រភព: Creation’s Birth Art Print – Art by Joseph

អ្នកស្រី ស្រីមាស ដែលជាម្ដាយកូនស្រីម្នាក់ បានមានប្រសាសន៍ថា “គ្មានពាក្យណា ដែលអាចរៀបរាប់បញ្ជាក់ពីទំហំនៃការឈឺចាប់របស់ខ្ញុំនោះទេ ” ។ គាត់បានឈឺពោះអស់រយៈពេលលើសពី ២៤ម៉ោង ហើយគាត់ត្រូវបានពេទ្យដាក់សារ៉ូមឲ្យទៀតផង ។

ចំណែកឯម្ដាយម្នាក់ទៀតដែលមានកូនពីរនាក់ បាននិយាយថា មុនពេលដែលគាត់ផ្តល់កំណើតឲ្យ កូនស្រីរបស់គាត់ គាត់បានទន់ជង្គង់ស្រឹបដល់ឥដ្ឋតែម្ដងដោយសារតែការឈឺចាប់ និងកម្លាំងខ្សោយ ។

នេះជាប្រភេទរឿងដែលពិភពលោកត្រូវលឺ និងទទួលស្គាល់ ។

នៅក្នុងអត្ថបទ “កុំប្រាប់ស្ត្រីឱ្យបិតមាត់ មិននិយាយអំពីការសម្រាលកូន ចែករំលែកបទពិសោធន៍នៃ ការឆ្លងទន្លេអាចជួយសង្គ្រោះជីវិត” បានចោទសួរថា ហេតុអ្វីបានជាយើងគិតថា រឿងរ៉ាវដែល ទាក់ទងពីការឈឺពោះសម្រាលកូនជា “រឿងរ៉ាវភ័យរន្ធត់ និងអាក្រក់?” ហេតុអ្វីបានជាយើងមិនអាច បើចំហរចិត្តឲ្យទូលំទូលាយ ដើម្បីយល់ច្បាស់ ពីស្ថានភាពជាក់ស្ដែងដ៏ឃោឃៅ នៃការផ្ដល់កំណើត? គ្រាន់តែទារកកើតតាមទ្វារមាសដែលដាច់ រឺតាមការវះកាត់ ហើយបៅក្បាលដោះម្ដាយយ៉ាងស្រេកឃ្លាន មិនមែនមានន័យថា យើងអាចបំបិទមាត់ស្ត្រីមិនឲ្យនិយាយអំពីវាបានទេ។

ជាក្នុងនាមជាយុវត្តីខ្មែរម្នាក់ ខ្ញុំតែងតែលឺនូវបទពិសោធន៍ល្អៗនៃការឆ្លងទន្លេពីសាច់ញាត់ ក៏ដូចជាអ្នកជិត ខាង ប៉ុន្ដែខ្ញុំមិនសូវដែលលឺពីបទពិសោធន៍ដ៏ជូរចត់របស់ម្ដាយនីមួយៗទេ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ព្រោះការនិយាយអំពីការសម្រាលកូន​នៅតែជារឿងអាសគ្រាម ។​ យោងទៅតាម The Guardian​ ការអាសគ្រាមនេះបានបញ្ជាក់ថា “អំណាចរបស់ស្រ្ដីក្នុងការ ផ្ដល់កំណើតទៅដល់ជិវិតថ្មីមួយនេះ គឺគួរឲ្យខ្ពើមរអើម ។ ”

សិស្សស្រីវ័យជំទង់អាយុ ១៥ ឆ្នាំម្នាក់ បានចែករំលែកថា “ខ្ញុំធ្លាប់គិតថា​ ទារកកើត តាមគូទរបស់

ម្ដាយ” ។ នាងបានជឿទ្រឹស្ដីនេះរហូតទៅដល់មានអាយុ១៤ឆ្នាំ ហើយនាងគិតបែបនោះ ព្រោះមកពីនាងឃើញ រូបភាពសម្រាលកូនបែបតុក្កតាដែលព្យួរនៅលើជញ្ជាំង នៃមន្ទីពេទ្យមួយចំនួនដែលនាងធ្លាប់ចូល ។ នាងបានបន្ថែមទៀតថា “ខ្ញុំមិនដែលហ៊ានសួរអ្នកណាទាក់ទងពីអត្ថបទនេះទេ ពីព្រោះខ្ញុំមាន

អារម្មណ៍ថាខ្មាសអៀន ។”

ខ្ញុំជឿថា មានក្មេងស្រី និងក្មេងប្រុសជាច្រើនទៀត ដែលគិតដូចជានាង ហើយពួកគេ ក៏មិនបានទទួលការអប់រំទូទៅអំពីការសម្រាលកូនដែរ ។ អ្នកស្រី ស្រីមាស បានប្រាប់សារពត៍មានយើងថា ស្ត្រីខ្លះថែមទាំងមិនហ៊ាននិយាយពាក្យ “ទ្វារមាស”​ ទៀតផង។

នេះសបញ្ជាក់យ៉ាងច្បាស់ អំពីតម្រូវការនៃការចែករំលែក និងស្ដាប់អំពីការសម្រាលកូនទាំងរឿងរ៉ាវល្អ និងការឈឺចាប់ ការរងទុក្ខ ការលះបង់ និងការតស៊ូប្រយុទ្ធរបស់ស្រ្ដី ។

អ្នកស្រី ខារ៉ា សីលតុន (Cara Shelton) បានលើកឡើងថា «ប្រសិនស្ត្រីជាច្រើនអ្នកទៀត ត្រូវបានអនុញ្ញាតឱ្យមានសម្លេង និងនិយាយអំពីភាពជូរចត់ក្នុងការធ្វើជាម្តាយនោះ ការលះបង់ និងភាពឈឺចាប់របស់ម្ដាយនីមួយៗ នឹងត្រូវបានគេគោរព និងផ្តល់កិត្តិយសច្រើនជាងមុន» ។

ដោយ: ពយ មករា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *