និន្នាការជំនឿសាសនា

សាសនា មានវត្តមានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សយូរយារមកហើយ។ នៅក្នុងវចនានុក្រមជាច្រើន សាសនា ត្រូវបានគេផ្តល់និយមន័យថា ជាឥរិយាបថ ជំនឿ និងការគោរព ឬសក្ដារៈបូជាចំពោះព្រះអាទិទេព ឬទេវៈ ប៉ុន្តែ ពុំមាននិយមន័យមួយណា ដែលបង្ហាញពីន័យដ៏ធំធេងរបស់វានេោះទេ។​​ មិនតែប៉ុ​ណ្ណោះ គោលបំណងនៃការបង្កើតសាសនា គឺជាអ្វីដែលពិភពលោកនៅមិនទាន់យល់នៅឡើយ។ មនុស្ស បានលើកនូវទ្រឹស្តីជាច្រើនដើម្បីពន្យល់ចម្ងល់មួយនេះ ជាឧទាហរណ៍សាសនាដើរតួជាមធ្យោបាយដើម្បីពន្យល់អំពីសកលលោក និងជីវិតក្រោយការស្លាប់។ ចំណែកឯទ្រឹស្តីផ្សេងទៀតរួមមាន ច្បាប់ដើម្បីគ្រប់គ្រងឥរិយាបថ សីលធម៌របស់​សត្វ ចម្លើយសម្រាប់គោលដៅជីវិត និង ឧបករណ៍សម្រាប់រក្សាសណ្តាប់ធ្នាប់សង្គម។ ក្នុងចំណោមទ្រឹស្តីដែលបានលើកឡើង គេច្រើនតែយល់ស្របថាសាសនាជាមធ្យោបាយដើម្បីពន្យល់បាតុភូតសកលលោក ដូចបានឃើញថា សាសនាជាច្រើនកំណត់ថាព្រះ ជាអ្នកបង្កើតផែនដី ឬសកលលោក។

សាសនាត្រូវបានប្រកាន់ខ្ជាប់ក្នុងសតវត្សរ៍កន្លងមកនេះ ប៉ុន្តែបច្ចុប្បន្ន វាហាក់បាត់បង់នូវមុខងាររបស់វាស្របពេលដែលវិទ្យាសាស្ត្ររីកចំរើនយ៉ាងរហាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនមនុស្សកាន់តែច្រើនឡើង ត្រូវបានគេអប់រំទាក់ទងទៅនឹងវិទ្យាសាស្ត្រ និង សីលធម៌ក្នុងសង្គម​។ ស្របពេលនេះដែរ មនុស្សរមែងមិនមានជំនឿលើសាសនានោះឡើយ។ នៅប្រទេសកម្ពុជា ការប្រែប្រួល និន្នាការសាសនានេះអាចបង្ករអោយមានភាព ចម្រូង​ចម្រាស់ក្នុងចិត្តរបស់អ្នកកាន់សាសនាព្រះពុទ្ធ។

ប្រជាជនកម្ពុជាភាគច្រើន ចាត់ទុកខ្លួនថាជាអ្នកកាន់សាសនាព្រះពុទ្ធ ដែលបាននាំចូលមកដោយព្រះបាទជ័យវរ្ម័នទី ៧ ជាយូរលង់ណាស់មកហើយ​ ដែលតាំងពីពេលនោះមកបានក្លាយជាសាសនារបស់រដ្ឋ។

ដោយពុទ្ធសាសនាមានអត្ថិភាពក្នុងប្រទេសកម្ពុជាយូរមកហើយ បុណ្យជាតិជាច្រើនបានវិវត្តជុំវិញសាសនាមួយនេះ។ សូមយកពិធីបុណ្យចូលឆ្នាំថ្មីជាឧទាហរណ៍ ក្នុងការប្រារព្ធពិធីបុណ្យនេះ ក្រុមគ្រួសារមកជួបជុំគ្នាដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាបួងសួងសុំសុខសុភមង្គល និង ពរជ័យពីញាតិសណ្តានដែលបានចែកឋានទៅ និង អារក្សរ អ្នកតារក្សាទឹកដីជាដើម។

ការប្រារព្ធពិធីនេះបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ រហូតក្លាយទៅជាប្រពៃណី ដែលបង្កើតជាហេតុផលគ្រប់គ្រាន់សម្រាប់អោយសង្គមរំពឹងថា យើងត្រូវចូលរួមក្នុងពិធីបុណ្យសាសនានានៅថ្ងៃបុណ្យជាតិ ដើម្បីបង្ហាញការគោរព និង ការចូលរួមអបអរបុណ្យនេះ។

នៅចំណុចនេះដែរ យុវជនកម្ពុជាសព្វថ្ងៃ ភាគច្រើនមិនមានជំនឿសាសនាឡើយ។ ពួកគេមិនសូវចូលរួមពិធីបុណ្យ និង ការគោរពសាសនាទេ។ តើនេះមានន័យថាពួកគេខុសមែនទេ? តើនេះមានន័យថាពួកគេមិនគោរពបុព្វបុរសរបស់ពួកគេឬ? ស្របពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍតើព្រះពុទ្ធសាសនាគួរតែនៅជាផ្នែកនៃអត្តសញ្ញាណជាតិឬទេ?

ដោយហេតុចម្លើយចំពោះសំណួរទាំងនេះអាចបង្ករអោយមានភាពចម្រូងចម្រាស់ សូមយកសំណួរទាំងនេះដើម្បីគិតដោយខ្លួនឯង ហើយចម្រេចលើវាសនារបស់ព្រះពុទ្ធសាសនា។

ដោយ ៖​​ រុន ស៊ីថង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *