ភាពប្រថុយប្រថាន

ពេលខ្លះយើងមានទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ពេលខ្លះវិញទៀត យើងបន្ទាបខ្លួន ដោយសារតែយើងមានអារម្មណ៍ភ័យខ្លាច។ នៅខណៈពេលមួយចំនួន យើងមានទំនុកចិត្តលើខ្លួនឯង នៅពេលដែលឧបសគ្គឃ្លាតឆ្ងាយបាត់ទៅ ដោយសារតែយើងភ័យខ្លាច ក្នុងការប្រឈមមុខជាមួយវា។

ឧបសគ្គ មិនគេចចេញពីយើងនោះទេ។ ពួកយើង តែងតែបន្ទោសខ្លួនឯង នៅពេលដែលយើងទទួលយកលទ្ធផលមិនបាន។ ក៏ប៉ុន្តែ តើយើងបានសួរខ្លួនឯងអោយបានច្បាស់ទេថា តើយើងប្រឹងប្រឹងអស់ពីសមត្ថភាពហើយឬនៅ?

ឌីណា ចែម មានអាយុ ១៣ ឆ្នាំ ដែលជាសិស្សនៃសាលាអន្តរជាតិឡៃហ្គឺ បាននិយាយថា “ខ្ញុំពិតជាខ្លាចការបរាជ័យមែនទែន។” នាងបានបន្តទៀតថា “ខ្ញុំមិនដែលទៅកន្លែងណាដែលថ្មី ខ្ញុំតែងតែ​គេចចេញពីឧបសគ្គ និងគ្មានការប្រថុយប្រថានក្នុងខ្លួនទាល់តែសោះ។”

នាង មានសត្រូវមួយ ដែលតែងតែនៅជាមួយនាងជានិច្ច។ សត្រូវ ដែលជាមិត្តភក្តិរបស់នាង។ សត្រូវមួយនេះ អនុញ្ញាតឲ្យនាងរីកលូតលាស់ដល់ត្រឹមដំណាក់កាលណាមួយតែប៉ុណ្ណោះ។ ទោះបីជា សត្រូវមួយនេះ អនុញ្ញាតឲ្យនាងទទួលបានភាពជោគជ័យបានយ៉ាងសមគួរក៏ពិតមែន ក៏ប៉ុន្តែបើសិនជានាង​ លែងដៃពីសត្រូវមួយនេះ វា អាចនាំនាងទៅរកសក្ដានុពលពិតប្រាកដរបស់នាង និងទទួលបានភាពជោគជ័យដោយឥតដែនកំណត់។

អំឡុងពេលដែលនាងកំពុងតែជ្រែកកាត់ឧបសគ្គ​ ដែលរាំងស្ទះនាង នាងបានបាច់ផ្ដើមស្រមៃថា ចុះបើនាងថយចេញឲ្យឆ្ងាយពីសត្រូវមួយនេះ ដែលតែងតែកំណត់ការលូតលាស់របស់នាង តើមានអ្វីនឹងកើតឡើង? ហើយចុះបើនាង ចូលប្រឡូកក្នុងពិភពនោះ តើមានអ្វីនឹងកើតឡើង?

នេះ ជាពេលវេលាដ៏ធំមួយក្នុងជីវិតរបស់នាង​ នៅពេលដែលនាងបានឃើញថា ជីវិតរបស់នាងគ្មានដែនកំណត់។ នាង ចាប់ផ្ដើមឈោងទៅរកក្ដីសុបិន ដែលពីមុនមក នាងគិតថា នាងមិនអាចធ្វើទៅរួច។ នាង ដឹងច្បាស់ណាស់ថា នាងត្រូវឆ្លងកាត់ភាពលំបាកវេទនាជាច្រើន ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ ប៉ុន្តែនាងនៅតែធ្វើវា។

ឌីណា គិតថាខ្លួនឯងជាក្មេងស្រី​ ដែលមានភាពអៀនខ្មាស និងភាពភ័យខ្លាចជាច្រើន ដូចជាការសរសេរជាដើម។ នាង មិនអាចសរសេរ និងតែងល្បះបាននោះទេ។ នាងធ្លាប់បានចំលងការសរសេររបស់គេ មកធ្វើជារបស់ខ្លួនឯង ហើយនាងចាប់ផ្ដើមបាត់បង់ការភាពនឹងនរ នៃកំរិតពិន្ទុសិក្សារបស់នាង។

ថ្ងៃនេះ នាងក្លាយជាអ្នកសរសេរដ៏អស្ចារ្យម្នាក់! គោលដៅខ្លះសឹងតែមិនអាចសម្រេចបាន ហើយអ្នកប្រហែលជាមានអារម្មណ៍ហត់នឿយនឹងប្រយោគមួយដែលបាននិយាយថា “គ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។” ​ ប៉ុន្តែ យើងមិនមានពេលវេលាច្រើនទេ នៅក្នុងលោកនេះ អ្នកណាទៅដឹងថា អ្នកនឹងរកស្វែងអ្វីខ្លះ ដូចនេះហើយ ការចាប់ផ្ដើមសម្រេចគោលដៅរបស់អ្នកឥឡូវ ទាន់អ្នកនៅមានដង្ហើម ដើម្បីឲ្យជីវិតមានតម្លៃ។

អានការសរសេរមួយរបស់នាងនៅទីនេះ

ការនិយាយ ជាពិសេសការនិយាយជាសាធារណៈ ក៏ជាភាពភ័យខ្លាចរបស់នាងដែរ។ ឥឡូវនេះ នាងឈរនៅលើឆាក ធ្វើបទបង្ហាញអំពីការហ៊ានប្រថុយប្រថាន និងសាកល្បងឧបសគ្គផ្សេងៗ នៅឯកម្មវិធី TED TALK។

វា មិនមែនត្រឹមតែប៉ុណ្ណេះនោះទេ ដោយការហ៊ានប្រថុយនេះ វាតែងតែរំលឹកខ្លួននាងថា ខ្លួនឯងអាចធ្វើបាន ដែលធ្វើឲ្យនាងក្លាយជាមនុស្សដែលមានសុភមង្គលជាងមុន។ កន្លងមក ពេលដែលជីវិត​របស់នាងទាល់ច្រក នោះគឺព្រោះតែនាង មិនទាន់ហ៊ានប្រឈមមុខជាមួយឧបសគ្គ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *