វាលើសពីការផ្អាប់ត្រី

“ខ្ញុំ​ចូលចិត្ត​វា​ខ្លាំង​ណាស់”
“វាជាវប្បធម៌របស់ប្រទេសកម្ពុជា”
“នៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ញ៉ាំវាជាម្ហូបអាហារប្រចាំថ្ងៃ មិនខ្វល់ថាញាំុជាមួយអ្វី ឫពេលណាឡើយ”។

“ពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការវា។ ខ្ញុំពិតជាត្រូវការវាណាស់។ ខ្ញុំចង់ញាំុប្រហុក។”

នេះគឺជាអារម្មណ៍ពិតរបស់ប្រជាជន​កម្ពុជាទៅលើប្រហុក ដែលជាអាហារ និងជាគ្រឿងផ្សំមួយដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។

ប្រហុកគឺជាប្រភេទត្រីផ្អាប់ម្យ៉ាងដែលត្រូវបានប្រើប្រាស់ជាច្រើននៅក្នុងមុខម្ហូបខ្មែរ។

វាត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងមុខ ម្ហូបខ្មែរជាយូរលង់ណាស់មកហើយ។ វាត្រូវបានចាប់ផ្តើមធ្វើ និងប្រើប្រាស់ដំបូង ដើម្បីជាវិធីក្នុងការរក្សាស្បៀង និងម្ហូបអាហារទុក សម្រាប់រដូវដែលមិនសូវមាននូវត្រីស្រស់នៅក្នុងបឹង ឫទន្លេ។

ប្រហុកគឺមានតម្លៃថោក តែវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាជនកម្ពុជា។ ដំបូង គេចាប់ផ្តើមដោយការកាត់នូវក្បាលត្រីចោល។ បន្ទាប់ពីនេះ គេក៏នឹងទុកត្រីចោលរហូតដល់ត្រីចាប់ផ្តើមមានសភាពហើម។ ជាជំហានបន្ទាប់ គេនឹងកិនត្រីទាំងនោះអោយអស់ខ្លាញ់ ពីព្រោះខ្លាញ់អាចកាត់បន្ថយនូវរសជាតិ និងគុណភាពរបស់ប្រហុក។ រួចហើយ គេនឹងសម្អាតត្រីទាំងនោះម្តងទៀត។ បន្ទាប់មក គេនឹងប្រលាក់ត្រីនោះជាមួយអំបិល ហើយហាលវាប្រហែលជាមួយថ្ងៃ។ ជំហាននេះគឺត្រូវការអោយយើងធ្វើវាពីរដង ហើយជាចុងក្រោយ ទើបយើងអាចយកវាមកដាក់ចូលក្រឡបាន។ ត្រីដែលប្រលាក់នោះ ត្រូវការពេលប្រហែលជា ២០ ទៅ ៣០​ថ្ងៃក្នុងការផ្អាប់។ គុណភាពប្រហុកនឹងល្អខ្លាំង បើសិនជាយើងចំណាយពេលផ្អាប់យូរ។

យើងអាចទទួលទានប្រហុកនៅក្នុងមុខម្ហូបជាច្រើន។ ម្ហូបជាប្រភេទសម្លរ គឺត្រូវបានចម្អិនចេញមកជាច្រើនមុខនៅក្នុងប្រទេសកម្ពុជា ហើយយើងអាចបង់ប្រហុកចូលក្នុងសម្លរទាំងនោះ ស្ទើរតែបានទាំងអស់ដូចជា សម្លរដូចជា ការី និងកកូរ។ ចំណែកឯអាហារផ្សេងទៀតដ៏គួរអោយចាប់អារម្មណ៍មានដូចជា ប្រហុកខ្ទិះ និងទឹកគ្រឿងជាដើម។ យើងអាចបរិភោគម្ហូបទាំងនោះជាមួយនឹងបាយ ហើយបន្ទាប់ពីការបរិភោគនូវអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ទាំងនោះហើយ វាបានផ្តល់នូវកម្លាំង និងថាមពលមកដល់យើង។ ជាទួទៅ យើងអាចពិសារម្ហូបធម្មតាដោយមិនដាក់ប្រហុកក៏បាន ក៏ប៉ុន្តែដោយសារតែរសជាតិត្រីបន្តិច ប្រៃបន្ថិចនេះហើយ ដែលទាញយកនូវរសជាតិទាំងអស់មកដាក់ក្នុងមុខម្ហូបនោះ ដូចដែលពេលចាស់

បានពោលថា  “គ្នានប្រហុក ម្ហូបគ្នានរសជាតិ”។

លើសពីនេះទៅទៀត អ្វីដែលធ្វើអោយប្រហុកមាននូវសារៈសំខាន់ចំពោះប្រជាជនកម្ពុជានោះ គឺជាការជួយជានិច្ចទៅដល់ប្រជាជនគ្រប់កាលៈទេសៈ មិនថាបុគ្គលនោះ មាន ឫក្រនោះឡើយ។ ហើយចំពោះប្រជាពលរដ្ធមួយចំនួនដែលមិនមាននូវថវិការគ្រប់គ្រាន់ក្នុងការចំណាយលើការធ្វើម្ហូបមួយពេល ពួកគេអាចទិញប្រហុកមកបរិភោគបាន។ វាអាចជួយសន្សំលុយពួកគេ ហើយក៏អាចធ្វើអោយពួកគេបរិភោគគ្រប់គ្រាន់ដែរ។ ប្រហុកគឺជាកាដូដ៏ពិសេសរបស់ពួកគេ។ វាគឺជាវប្បធម៍របស់យើង។  

ជាការពិតណាស់ ប្រហុកវាមានក្លិនស្អុយ ហើយមនុស្សមួយចំនួនដែលមិនមែនជាជនជាតិខ្មែរគឺមិនមានការចូលចិត្តលើវាឡើយ។ មានការរអ៊ូ និងមិនពេញចិត្តជាច្រើនទៅលើមុខម្ហូបមួយនេះ។ តែ ដោយសារតែក្លិនរបស់វានោះហើយ ដែលជាលក្ខណៈពិសេសរបស់ម្ហូបនេះ។

ប្រហុកដែលស្អុយនោះហើយ ដែលពួកយើងញាំុ។ ម្ហូបដែលមានរសជាតិនោះហើយ ដែលពួកយើងបរិភោគ។ ទាំងអស់នេះ គឺវាបញ្ជាក់ និងបង្ហាញពិតអំពីខ្លួនយើង។ ការបរិភោគគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅរបស់មនុស្សគ្រប់ៗគ្នា ហើយមុខម្ហូបទៀតសោតក៏ជាផ្នែកមួយដ៏ធំក្នុងវប្បធម៏មួយ។ ចំពោះប្រជាជនកម្ពុជា ប្រហុកនេះហើយគឺជាផ្នែកនៃជីវិត ហើយជាអ្វីដែលតំណាងអោយពួកគេ។ វាគ្មានអ្វីដែលត្រូវអោយយើង មិនសប្បាយចិត្ត ខ្មាស់អៀន ឫលាក់ទុកអំពីវាឡើយ។

សរសេរដោយ: យន់ សម្ភស្ស

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *