វិថីទៅកាន់ថាមពលស្អាតនៅប្រទេសកម្ពុជា

ពាក្យថា “ថាមពលស្អាត” គឺជាពាក្យថ្មីមួយ ដែលយើងមិនទាន់មាននិយមន័យមួយជាក់លាក់សម្រាប់វា។ មនុស្សមួយចំនួនយល់ថា “ថាមពលស្អាត”​ គឺជាថាមពលដែលអាចកកើតឡើងវិញ មានប្រសិទ្ធិភាពខ្ពស់ និងមិនប៉ះពាល់ទៅដល់បរិស្ថាន។ ប៉ុន្តែ ការសន្មតនោះ គឺគ្មានភស្តុតាងច្បាស់លាស់ថា ប្រភេទថាមពលណាខ្លះដែលស្អាត ឬកខ្ខក់ទាំងស្រុងឡើយ។ យើងនៅតែមិនប្រាកដថា ថាមពលពីពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី​ និងថាមពលពីការដុតធ្យូង ស្អាត ឬកខ្វក់ដល់កម្រិតណាឡើយ។ យ៉ាងណាមិញ លោក អេនឌ្រូ វីលលៀមសិន (Andrew Williamson) ដែលជាអ្នកជំនាញផ្នែកថាមពលស្អាតនៅទ្វីបអាស៊ីប៉ាស៊ីហ្វិក បាននិយាយថា កម្រិតនៃភាពស្អាតរបស់ថាមពល គឺស្ថិតនៅក្នុងវិសាលគមមួយ។ ពោល គឺយើងមិនអាចចាត់ថា ប្រភេទថាមពលមួយល្អ ឬអាក្រក់ទាំងស្រុងឡើយ។

ពិភពលោកយើងទាំងមូលបានផ្ដោតទៅលើការផលិតថាមពលប្រើប្រាស់ដោយរបៀបសាមញ្ញ ដែលយើងបានអនុវត្តតាំងពីបដិវត្តន៍​ឧស្សាហកម្មមកម្ល៉េះ ហើយពេលនោះហើយ ដែលមនុស្សជាតិ ចាប់ផ្ដើមប្រើប្រាស់ឈើ និងធ្យូងដើម្បីបង្កើតថាមពល។ បើយោងទៅតាមការបា៉នស្មានរបស់អង្គការស្រាវជ្រាវ Bloomberg New Energy Finance​ សព្វថ្ងៃនេះ យើងពឹងផ្អែកសឹងតែទាំងស្រុងទៅលើធ្យូង ឧស្ម័ន និងថាមពលវារីអគ្គិសនី ដើម្បីផលិតថាមពលប្រើប្រាស់ប្រចាំថ្ងៃ។​ ក៏ប៉ុន្ដែ វិធីសាស្រ្ដនេះគ្មានលក្ខណៈគង់វង្សឡើយ។ ចំនួនធនធានទាំងនោះនៅមានកម្រិត ហើយនឹងថយចុះទៅតាមពេលវេលា។

ដោយជាក់ស្ដែង អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា នៅឆ្នាំ២០១៧ ៤៦ ភាគរយ នៃប្រភពថាមពលនៅប្រទេសកម្ពុជា គឺបានមកពីថាមពលវារីអគ្គិសនី ហើយ ៣៣ ភាគរយមកពីការដុតធ្យូង។ ប្រភពធំៗទាំងពីរសុទ្ធតែជាប្រភពដែលមិនអាចកកើតឡើងវិញ​ទាំងស្រុង ព្រមទាំងអាចប៉ះពាល់ដល់បរិស្ថានថែមទៀតផង។ លើសពីនេះទៅទៀត ចំនួន ១៧ ភាគរយនៃថាមពលប្រើប្រាស់នៅឆ្នាំតែមួយ ត្រូវបាននាំចូលពីប្រទេសជិតខាង ហើយ ១​ ភាគរយគឺជាថាមពលដែលអាចកកើតឡើងវិញ។​

អ្វីដែលយើងគួរតែពិចារណាដែរនោះគឺ ប្រទេសកម្ពុជាគឺជាប្រទេសដែលតូចមួយ ក្នុងការផលិតថាមពល។ ប្រទេសនេះមានសមត្ថភាពទ្រទ្រង់ថាមពលចំនួន ២,៦ រយលានវ៉ាត់ នៅក្នុងឆ្នាំ២០១៧ ដែលស្មើនឹង ០,០៤ ភាគរយនៃសមត្ថភាពទ្រទ្រង់របស់ពិភពលោក។ ដោយហេតុនេះ​ហើយ លោក រីលលៀមសិនបាននិយាយថា យើងអាចងាយស្រួលក្នុងការផ្លាស់ប្ដូរការផលិតថាមពលរបស់ប្រទេសកម្ពុជា។

ខណៈដែលបច្ចេកវិទ្យាកំពុងតែរីកចម្រើនក្នុងប្រទេសកម្ពុជា ស្ថាប័នជាច្រើនបានខិតខំប្រឹងប្រែងបង្កើនទីផ្សារនៃថាមពលស្អាត។ ជាឧទាហរណ៍ អង្គការ អូក្រាសូឡា (Okra Solar)​ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៦ បានបង្កើតប្រព័ន្ធសូឡាដែលអាចភ្ជាប់ថាមពលពីផ្ទះមួយទៅផ្ទះមួយ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពរបស់ថាមពល។ លើសពីនេះទៅទៀត​ នៅឆ្នាំ២០១៧ គម្រោងសូឡាខ្នាតធំដំបូងបំផុត ដែលផលិតថាមពលចំនួន ១០ លានវ៉ាត់ ត្រូវបានបង្កើតឡើងនៅបាវិត ដែលជាតំបន់សេដ្ឋកិច្ចនៅឯខេត្តស្វាយរៀង។ នាពេលឆាប់ៗនេះ គម្រោងសូឡាខ្នាតធំមួយទៀត នឹងត្រូវបានបង្កើតឡើងនៅព្រំដែនខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង។ គម្រោងសូឡានេះនឹងផលិតថាមពលរហូតដល់ ១០០ លានវ៉ាត់ ដែលនឹងក្លាយទៅជាប្រព័ន្ធសូឡាខ្នាតធំជាងគេបង្អស់នៅប្រទេសកម្ពុជា។

ប្រទេសកម្ពុជា កំពុងតែឆ្ពោះទៅការផលិតថាមពលកកើតឡើងវិញកាន់តែច្រើន។ ដូចនេះ ប្រទេសជិតខាងដូចជា ថៃ និងវៀតណាម អាចធ្វើជាឧទាហរណ៍បានសម្រាប់ប្រទេសកម្ពុជា។ ប្រទេសថៃ បានផលិតថាមពលកកើតឡើងវិញចំនួន ៧,៦៤៣ លានវ៉ាត់ ខណៈដែលប្រទេសវៀតណាមបានផលិតចំនួន ៣,៤៦៣ លានវ៉ាត់ នៅក្នុងឆ្នាំ២០១៨។ ដោយសារតែប្រទេសទាំងនេះមានលក្ខណៈភូមិសាស្ត្រ និងទីផ្សារស្រដៀងទៅនឹងប្រទេសកម្ពុជា ពួកគេអាចបង្ហាញកម្ពុជាថាវិធីដំណើរការអ្វីខ្លះ ដើម្បីបង្កើនការផលិតថាមពលកកើតឡើងវិញពី ១០០ លានវ៉ាត់។

មិនមែនគ្រប់ប្រភេទនៃថាមពលកកើតឡើងវិញទាំងអស់ សុទ្ធតែ អាចប្រើបាននៅក្នុងប្រទេសកម្ពុជាឡើយ។ ដោយសារតែការចម្អិន ជាផ្នែកមួយដ៏ធំក្នុងការខ្ជះខ្ជាយថាមពល លោកវីលលៀមសិន បានផ្ដលយោបល់ថា ឡជីវឧស្ម័នគឺជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាព សម្រាប់ទីជនបទ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថាមពលពីការដុតឈើ ឬធ្យូង។ មិនតែប៉ុណ្ណោះ ប្រព័ន្ធសូឡាខ្នាតតូច ក៏អាចជាដំណោះស្រាយមួយដែរ បន្ថែមទៅលើប្រព័ន្ធសូឡាខ្នាតធំ។

ដូចដែលបានឃើញខាងលើ ការផលិតថាមពលគឺជាបញ្ហាដែលបន្ដនឹងកើតឡើង​ មិនមែនតែនៅប្រទេសកម្ពុជាឡើយ ប៉ុន្ដែនៅពិភពលោកទាំងមូល។ ដូច្នេះហើយ អង្គការជាច្រើន ដូចជាអូក្រាសូឡា នៅតែបន្ដស្វែងរកវិធីដើម្បីផលិតថាមពលកកើតឡើងវិញ ដែលនឹងអាចផលិតថាមពលគ្រប់គ្រាន់សម្រាប់ប្រជាជនទូទៅ។

ដោយ ទេព​ ថាធិនី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *